ឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញ ប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្ម ភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ចាមអស់មីន ដែលកិច្ចប្រជុំនេះ គឺជាប្រកាសនូវយុទ្ធនាការចាប់ផ្តើមការងារបោសសម្អាតមីននៅខេត្តកំពង់ចាម។
ឯកឧត្តមទេសរដ្ឋមន្ត្រី លីធុជ បានបញ្ជាក់ថា ខេត្តចំនួន ០៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំ ផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧ លានដុល្លារអាមេរិក ដោយរួម បញ្ចូលទាំងឃុំចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ ។
ជាមួយគ្នានេះ អាជ្ញាធរមីន បានធ្វើការសិក្សាតំបន់អាទិភាព និងវាយតម្លៃយ៉ាងច្បាស់លាស់ដោយបានផ្តោតសំខាន់លើខេត្ត ស្រុក ក្រុងណា ដែលមិនមានការគាំទ្រពីសហគមន៍ផ្តល់ជំនួយ ជាពិសេសការជ្រើសរើសប្រតិបត្តិករជាតិជាអ្នកបោសសម្អាត ដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
សូមជម្រាបថា ខេត្តកំពង់ចាម គឺជាខេត្តមួយដែលនឹងក្លាយ ជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ប្រតិបត្តិការបោសសម្អាតដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីន ៩៧៩.៥៨៦ ម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ០៤ រួមមាន ៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។
ទោះបីជាវត្តមានគ្រាប់មីនដែលយើងបានដឹងនៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះក៏ដោយ ប៉ុន្តែខេត្តកំពង់ចាមនៅបន្តរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៦៨ គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ទាំងនេះ និងមានប្រុងប្រយ័ត្នខ្ពស់។






