អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណ ជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កូន ឈើទាំងនោះបានចែកចាយដល់សាធារណជន ដែលរួមមានជូនលោក តិត ទូរ ជំនួយការរដ្ឋបាលឃុំអំពិល ចំនួន ៩០០ដើម ដើម្បីយកទៅដាំនៅតាមដងផ្លូវសាលារៀន វត្ត អារាមនានាក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀម រាប ។

ផ្តល់កូនឈើជូនតំណាងវត្តស្លាតមានជ័យ ហៅវត្តកណ្តោលពោធិព្រឹក ចំនួន២,៤០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តចំនួន២ និងដាំបន្ថែមក្នុងព្រៃសហគមន៍តាត្រាវ ស្ថិតក្នុងភូមិកណ្តោល ភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

ផ្តល់កូនឈើជូនលោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខសាន្ត ចំនួន១០០ ដើម ដើម្បីយកទៅដាំក្នុងទីធ្លាសាលារៀន ស្ថិតក្នុងភូមិសុខសាន្ត ឃុំយាង ស្រុកពួក ខេត្តសៀមរាប។
កូនឈើដែលបានផ្តល់ជូននៅពេលនោះ រួមមានប្រភេទកូនឈើ គ្រញូង បេង ធ្នង់ កកោះ រំដួល សិរមាន់ ត្របែកព្រៃ លឿងរាជ ឥន្ទ នេល។ល៕
អាជ្ញាធរជាតិអប្សរា






