ភ្នំពេញ ៖ អគ្គិភ័យកើតឡើងនៅខណ្ឌជ្រោយចង្វារ បណ្តាលឱ្យឆាបឆេះផ្ទះជួល០៦ខ្នងកាលពីយប់មិញ ដោយសមត្ថ កិច្ចរាជធានីភ្នំពេញបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប២២គ្រឿង បាញ់ទឹកពន្លត់ដោយបានទប់ស្កាត់អគ្គិភ័យនោះមិនទៅឆាបឆេះរាលដាលដល់ផ្សារមួយកន្លែងនៅក្បែរនោះឡើយ។
អគ្គិភ័យនេះ សេចក្តីរាយការណ៍ឱ្យដឹងថា មិនបង្កឱ្យគ្រោះថ្នាក់បាត់បង់អាយុជីវិតប្រជាពលរដ្ឋនោះទេ។
ដោយឡែកអ្នកជួលផ្ទះដែលបង្កឱ្យអគ្គិភ័យនេះ កើតឡើងបានរត់គេចខ្លួនបាត់។សេចក្តីរាយការណ៍ឱ្យដឹងទៀតថា អគ្គិភ័យបង្កដោយឆ្លងចរន្តអគ្គិសនី(ផ្ទុះឌីសង់ទ័រភ្លើងនៅក្នុងផ្ទះជួល)។
ហេតុការណ៍អគ្គិភ័យកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នា២០២១ ស្ថិតនៅចំណុចផ្លូវវត្តចាស់ក្រុមទី០២ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញអគ្គិភ័យឱ្យដឹងថា ៖នៅមុនពេលកើតហេតុអ្នកនៅផ្ទះជួលនោះបានឮសម្លេងផ្ទុះនៅក្នុងផ្ទះជួលមួយក្នុងចំណោមផ្ទះជួលទាំង០៦ខ្នង ។
រំពេចមកក៏បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះកើតឡើងដែលនាំឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់អធ្រាត្រ។ ចំណែកអ្នកនៅក្នុងផ្ទះមាន០៦គ្រួសារបានរត់ចេញទាន់ពេលវេលា។
ខណៈដែលអគ្គីភ័យកំពុងឆាបឆេះរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ រាជធានីភ្នំពេញ១៦គ្រឿង ,រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង,រថយន្តក្រុមហ៊ុនOCIC ០៣គ្រឿងនិងរថយន្តក្រុមហ៊ុនស្រាបៀរអង្គរ០១គ្រឿង សរុប២២គ្រឿងបានចេញអន្តរាគមន៍ព្រមគ្នា បានរារាំងអគ្គីភ័យនេះមិនបង្កឆាបឆេះកន្លែងផ្សេងទៀតនោះទេ។
បើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ក្រោយអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុង ហើយនគរបាលជំនាញអគ្គិភ័យស្រាវជ្រាវ គឺអគ្គិភ័យនេះបង្កដោយឆ្លងចរន្តអគ្គិសនី (ផ្ទុះឌីសង់ទ័រភ្លើង) និងបានឱ្យរងការខូចខាតផ្ទះជួល០៦ខ្នងឈើប្រក់ស័ង្កសីនិងដែក ដោយបានបាត់បង់សម្ភារៈ ប្រើប្រាស់មួយចំនួនផងដែរ។
ម្ចាស់ផ្ទះមានឈ្មោះ ធី រិទ្ធិ ភេទប្រុសអាយុ៣៣ឆ្នាំ ប្រកបមុខរបរជាងជួសជុលម៉ូតូ៕






