(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១)៖ អ្នកបើកបររថយន្តធុនធំម្នាក់ បើកបររថយន្តបុករថយន្តមួយគ្រឿងរងការខូចខាត រួចជ្រុលទៅបុកម៉ូតូកំពុង ចាក់សាំងបណ្តាលឲ្យបុរសម្នាក់ស្លាប់ មិនតែប៉ុណ្ណោះ រថយន្តជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥ទៅលេខ៦ ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក( KAMAZ) ពណ៌ ប្រផេះ ពាក់ស្លាកលេខ ក.4522 ភព3 សណ្តោងសឺមីរ៉ឺម៉កស៊ីទែន ពណ៌ ស.ខៀវ.ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A.4550 បើកបរដោយឈ្មោះ តែម ឡូញ ភេទ ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បើកបរ តាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើងលុះបើកបរ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក NISSAN ពណ៌ ត្រួយចេក គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកចេញពីកន្លែងប៉ះកង់រថយន្តខាងកើតផ្លូវឡើងមកលើផ្លូវជាតិលេខ ៥១ ហើយក៏ត្រូវបានរថយន្តម៉ាក KAMAZ បុកត្រូវចំទ្វារមុខផ្នែកខាងឆ្វេងរបស់រថយន្ត NISSAN បណ្តាលឲ្យរថយន្ត ម៉ាក KAMAZ ផ្លាតទៅបុកម៉ូតូ ១ គ្រឿងម៉ាកហុងដា( HONDA DREAM )C 125 ស៊េរីឆ្នាំ២០១៨(2018) ពណ៌ ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Z.5261 ដែលមានអ្នកបើកបរឈ្មោះ ស៊ីន ចន ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងឈប់ដើម្បីចាក់សាំងនៅខាងលិចផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចបានបន្តទៅបុកចំត្រូវតូបលក់ដូរ១ ធ្វើអំពីដែកប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក លិកា ភេទ ស្រី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារៈជាច្រើន។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ធ្វើការវាស់វែង សពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ខូចខាតធ្ងន់ រថយន្ត២គ្រឿង ម៉ូតូ១គ្រឿង និង តូបលក់ដូរ ចំនួន១ផងដែរ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក KAMAZ ឈ្មោះ តែម ឡូញ។
ចំពោះវត្ថុតាង កំពុងរកមធ្យោបាយ ដើម្បីដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលវាំងចាស់ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






