
ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ធ ត្រូវបានរទេះសង្កត់ពីលើរហូតដល់បាត់បង់ជីវិតចោលប្តី និងកូន ដោយសារតែជីវភាពក្រីក្រ មានមុខរបរលក់ក្អម ចង្ក្រានដី និងឥវ៉ាន់ផ្សេងៗទៀតតាមរទេះគោ ពីខេត្តកំពង់ឆ្នាំង រហូតចូលដល់ខេត្តកំពង់ស្ពឺ សំណាងអាក្រក់ជួបមេឃធ្លាក់ភ្លៀង ផ្លូវរអិល បណ្តាលអោយក្រឡាប់រទេះគោសង្កត់ ប្តីរបួសស្រាល កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវលំចំណុចភូមិអណ្ដូងចំបក់ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុនោះ មេឃមានភ្លៀងធ្លាក់ខ្លាំង ហើយបុរស២នាក់ប្តីប្រពន្ធ ដែលមានមុខរបរលក់ក្អម ចង្ក្រាន និងរបស់របរជាច្រើនមុខថែមទៀតផងនោះ បានធ្វើដំណើរគោដៅចេញពីខេត្តកំពង់ស្ពឺ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណាងអាក្រក់ ផ្លូវរអិលផងពិបាកមានជង្ហុកជ្រៅៗផងនោះ ក៏បណ្តាលអោយក្រឡាប់រទេះគោដឹក បណ្ដាលឲ្យសង្កត់ស្លាប់ជនរងគ្រោះឈ្មោះ យីម រ៉េន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរតាមរទេះ រស់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះប៉ុល ស៊ុយ អាយុ៥៨ឆ្នាំ ជានាក់បរទេះគោ ត្រូវជាប្ដីរស់នៅជាមួយគ្នា។
តាមសម្តីរបស់បុរសជាប្តីឈ្មោះ ប៉ុល ស៊ុយ បានរៀបរាប់ទាំងទឹកភ្នែកថា ហេតុអ្វីបានជាព្រហ្មលិខិតមកបំបែកប្រពន្ធរបស់គាត់ ចេញពីគាត់អោយរស់នៅក្នុងជីវភាពក្រីក្រ ណាមួយកូនច្រើនថែមទៀតផង ពេលដែលជិតទៅដល់ផ្ទះហើយ «ម៉ែវាៗ ក្រោកឡើង»។ និយាយទាំងទឹកភ្នែក បុរសចំណាស់ខាងលើនិយាយថា គាត់មានមុខរបរលក់ដូរក្អម ចង្ក្រាន និងឥវ៉ាន់ច្រើនមុខទៀត ជាមួយប្រពន្ធកំសត់របស់គាត់ ជិត២០ឆ្នាំមក ហើយទទួលយកពីអ្នកភូមិជាមួយគ្នាសិន (បណ្ដាក់គេសិន) គ្រាន់បានលុយកាក់ចំណេញតិចតួច អោយយកកូនរៀនសូត្រ និងទិញអង្កដាំបាយ។ ចេញពីភូមិ ស្រុកមកលក់ដូរស្រុកគេ ឆាប់បំផុតកន្លះខែ យូរអស់១ខែ លក់អស់មិនអស់ក៏ត្រូវទៅផ្ទះ មើលកូន អើតកូន និងផ្ទះដែល ពេលនេះពួកគាត់បានលក់ឥវ៉ាន់អស់ហើយ ធ្វើដំណើរពីខេត្តកំពង់ស្ពឺតាមរទេះគោដូចធម្មតា ត្រឡប់ទៅផ្ទះវិញ ហើយក៏ស្រាប់តែជួបមេឃធ្លាក់ភ្លៀងកណ្តាលផ្លូវ ទាំងផ្លូវមានជង្ហុកថែមទៀតផងនោះ ក៏ស្រាប់តែក្រឡាប់រទេះ បណ្តាលអោយរទេះសង្កត់ប្រពន្ធរបស់គាត់ ស្លាប់ចោលគាត់ និងកូនៗ។
ក្រោយកើតហេតុ នគរបាលចុះពិនិត្យ ពិតជារទេះក្រឡាប់សង្កត់មែន រួចបានប្រគល់សពអោយប្តីស្ត្រីខាងលើ។ បុរសជាប្តីក៏ដឹកសពប្រពន្ធ ទៅផ្ទះនៅស្រុកកំណើតខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕អ៊ុ ណូន