យុទ្ធភណ្ឌគ្រឿងផ្ទុះមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ និងជាឧបសគ្គដល់ការអភិវឌ្ឍជាតិ។ យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបង្ហាញ ថា គិតពីឆ្នាំ ១៩៧៩ ដល់ខែសីហា ឆ្នាំ២០២៣ កម្ពុជា មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមចំនួន ៦៥.០៣១នាក់ ក្នុងចំណោមជនរង គ្រោះថ្នាក់ទាំងនោះ មានស្លាប់ចំនួន ១៩.៨២២នាក់ របួសចំនួន ៣៦.១២៣នាក់ និងពិការអវៈយវៈចំនួន ៩.០៨៦ នាក់។
នេះជាការបញ្ជាក់របស់ ឯកឧត្តមទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ស្របពេល ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទសកល លើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើង វិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភា ពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
កម្ពុជា មាន លទ្ធភាពផ្តល់នូវក្តីសង្ឃឹមដល់ជាតិសាសន៍ដ៏ទៃទៀត ដែលកំពុងរងគ្រោះដោយសារសង្រ្គាមតាមរយៈការបញ្ជូនកងរក្សាសន្តិភាពប្រមាណ៩.០០០ នាក់ ក្រោមក្របខណ្ឌបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ គិតចាប់ពីឆ្នាំ២០០៦មក។ ជាមួយគ្នានេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងសកម្មភាពមីន និងកិច្ចសង្គ្រោះជនរងគ្រោះ។
រយៈពេលជាង ៣០ឆ្នាំនេះ ចាប់ពីឆ្នាំ១៩៩២ សកម្មភាពមីននៅកម្ពុជា មានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងនោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២.៧៩៥គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាត ហើយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ត្រូវបានរកឃើញ និងកំទេចចោល។
គួរជម្រាបដែរថា ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។
ភាពជោគជ័យនេះ មិនអាចពឹងផ្អែកទៅលើតែកិច្ចសហការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឬស្ថាប័ន និងស្ថាប័ននោះទេ តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការអន្តរជាតិ សប្បុរសជន និងបុគ្គលគ្រប់ៗរូប៕






