ខេត្តព្រះវិហារ៖ ១២ខែមេសាឆ្នាំ២០២០ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងបែបនេះ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធាសំ
ខាន់ៗរបស់អង្គភាព ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាព វរៈសេនាតូចលេខ១ និងលេខ២ ដើម្បីជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា ដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងនៅតំបន់ដាច់ស្រយាលនោះ ។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយ នូវបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងការដាក់ចេញ នូវបទបញ្ជាមួយចំនួនទៀត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការបិទច្បាប់ ទូទាំង កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រយុទ្ធមួយរយភាគរយ និងត្រៀមកម្លាំងរង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ដើម្បីទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើង ជាយកថាហេតុផ្សេងៗ ។
ផ្សព្វផ្សាយ អោយមានការចូលរួម ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការឆ្លងពីជម្ងឺកូវីដ១៩ ជាសកល និងបញ្ហា នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឧិកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានឧបត្ថម្ភថវិកា ដល់មេបញ្ជាការរងប្រចាំទិសជួរមុខ ៣០ម៉ឺនរៀល នាយសេនាធិការរង ២០ម៉ឺនរៀល អង្គភាពវរៈសេនាតូចលេខ២ ចំនួន ២លានរៀល កងអនុសេនាធំទី១,ទី២ និងកងអនុសេនាធំទី៣ ក្នុងមួយកងអនុសេនាធំ ទទួលបានថវិកា ១លាន៥០ម៉ឺនរៀល។
ដោយឡែក អង្គភាពវរៈសេនាតូចលេខ១ ទទួលបានថវិកា ៤លានរៀល សម្រាប់ទុកដោះស្រាយនៅក្នុងអង្គភាព។
បន្ទាប់ពីបានបញ្ចប់បំពេញបេសកកម្ម នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នោះមក នៅថ្ងៃអាទិត្យ ទី១២មេសាឆ្នាំ២០២០ លោកឧត្តមសេនីយ៍មេបញ្ជាការ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំមន្ត្រីយោធា និងមន្ត្រីសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក រួមជាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះទៅកាន់ទីជនបទមួយ ដើម្បីសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន ៥គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងគ្រួសារ៕





