ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិនដឹកនាំ ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន។
សម្តេចប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ច្បាប់ដែលបានអនុម័តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ បានបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ។
ទន្ទឹមនេះ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វ ហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ជាដើម។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចជូនស្រ្តីគឺជាការផ្តល់ឱកាសជូនស្រ្តីក្នុងការទទួលបានការសិក្សា ការបណ្តុះបណ្តាល ព្រមទំាងទទួលបានឱកាសនៅក្នុងការបំពេញការងារ។
លោកជំទាវ ចាង តុងម៉ី បានថ្លែងថា សម្តេចប្រធានរដ្ឋសភាជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំណុចជាច្រើនត្រូវសិក្សារៀនសូត្រនិងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពីយូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។
សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ជាស្ថាប័នធំមួយរបស់ប្រទេសចិន មានបេសកកម្មសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ការបណ្តុះបណ្តាលជំនាញដល់ស្រ្តីនិងកុមារី ព្រមទំាងជួយរកការងារជូនស្រ្តីផងដែរ។
សហព័ន្ធស្រ្តីទូទាំងប្រទេសចិន បានបង្កើតនៅឆ្នាំ១៩៤៩ ដែលបានធ្វើការងារជិតស្និទ្ធជាមួយបក្ស និង រដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន៕






