កៀហ្ស៊ីស៊ីស្ថាន៖ កាលពីថ្ងៃចន្ទ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សេឌៀ ហ្សាប៉ារ៉ូវ (Sadyr Zhaparov) បានជំរុញប្រជាជនមានការជឿទុកចិត្តលើកងទ័ព និងដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដោយបាននិយាយថា មិនចាំបាច់ត្រូវការកងកម្លាំងស្ម័គ្រចិត្តនៅតាមព្រំដែនជាមួយប្រទេសតាជីគីស្ថានទេ។
មនុស្សយ៉ាងហោចណាស់១០០នាក់ត្រូវបានសម្លាប់នៅចន្លោះថ្ងៃទី១៤ និង១៦ ខែកញ្ញានេះ។ លោក ហ្សាប៉ារ៉ូវ (Zhaparov) បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅថ្ងៃកាន់ទុក្ខជាតិថា យើងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ក្នុងវិធីសន្តិភាពសុទ្ធសាធ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ទាំងកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន បានព្រមព្រៀងគ្នាដកកម្លាំងយោធាបន្ថែមចេញពីព្រំដែន។ ភាគីទាំងពីរក៏បានយល់ព្រម បន្តដោះស្រាយជម្លោះព្រំដែននេះដែរ។
ក្រសួងការបរទេសរបស់ប្រទេសតាជីគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា គន្លឹះក្នុងការដោះស្រាយជម្លោះ ស្ថិតនៅក្នុងការចរចា ដោយបានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនថា កៀហ្ស៊ីស៊ីស្ថានគឺបានជំរុញឱ្យមានជម្លោះនេះ៕
បកប្រែដោយ រម៉ាម វ៉ុង






