ឯកឧត្តម យូន ស៊ុកយុល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ជូនសម្តេចតេជោ ថានឹងបន្តជំរុញអ្នកវិនិយោគកូរ៉េ មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីក្ដាប់យកឱកាស នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តម យូន ស៊ុកយុល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា សាធារ ណៈ កូរ៉េ នឹងជំរុញការវិនិយោគ ជាពិសេសអ្នកវិនិយោគកូរ៉េ និងមកកាន់កម្ពុជាកាន់តែច្រើន ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពិសេសក្ដាប់យកឱកាស នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ និងការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតីកូរ៉េ បានគាំទ្រមជ្ឈភាពអាស៊ាន និងបានសំដែងការពេញចិត្ត ជាមួយកិច្ចសប្រតិបត្តិការទ្វេភាគីរវាងកូរ៉េ និងកម្ពុជា។ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងឯកជន ប្រជាជន និងប្រជាជន។ ឯកឧត្តម យូន ស៊ុកយុល មានប្រសាសន៏ថា ត្រឹមតែ២៥ ឆ្នាំប៉ុណ្ណោះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងជាង២០ដង។
ក្នុងន័យនេះ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា សាធារណៈរដ្ឋកូរ៉េ ចាត់ទុកថាការអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាជាអាទិភាព។ ក្នុងន័យនេះជំនួយក្រៅប្រទេសរបស់កូរ៉េ មកកាន់កម្ពុជាគឺកើនឡើងទ្វេដងសម្រាប់ជួយដល់កម្ពុជា។
សូមជម្រាបថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុបជាង ៥៤៩ លានដុល្លារ កើនឡើង ៦,៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជាង១៥៦លានដុល្លារ កើនឡើង២១ ភាគរយ និងនាំចូលមានទឹកប្រាក់ ជាង៣៩៣ លានដុល្លារ កើនឡើង១,៥ ភាគរយ។
គូសបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ទុនវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា មានដល់៥ពាន់លានដុល្លារ ដែលមានគម្រោងវិនិយោគចំនួន ២១២គម្រោង។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។
ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផង។ សូមជម្រាបដែរថា កម្ពុជា និងសាធារណៈរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីចុងខែតុលា ឆ្នាំ២០២១ និងបានចូលជាធរមានរួចរាល់ ដោយនឹងជួយត្រួសត្រាយផ្លូវក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេទាំងពីរ៕






