(ម៉ាឌ្រីដ)៖ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នេះបានផ្សាយថាក្រសួងសុខាភិបាលអេស៉្បាញ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ៨៣៨នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបបន្តកើនដល់៦,៥២៨នាក់ នៅក្នុងប្រទេសរបស់ខ្លួន។
ចំណែកឯតួលេខអ្នកឆ្លងនៅអេស៉្បាញវិញក៏បានកើនឡើងពី៧២,២៤៨នាក់ ដល់៧៨,៧៩៧នាក់ផងដែរ។
បើគិតពីចំនួនអ្នកឆ្លង គឺអេស៉្បាញស្ថិតនៅលេខ៤ តែបើគិតពីតួលេខអ្នកស្លាប់គឺលេខ២បន្ទាប់ពីអ៉ីតាលី ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលីបានកើនដល់ជាង១ម៉ឺននាក់ហើយ។
គួរជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាសដាក់ចេញវិធានការ ថែមទៀតដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដោយតម្រូវឲ្យអ្នកធ្វើការងារ ដែលត្រូវចាត់ទុកថាមិនមានភាពចាំបាច់ ត្រូវស្នាក់នៅក្នុងផ្ទះរយៈពេល២សប្តាហ៍។
ពួកគេទាំងនោះនឹងទទួលបានប្រាក់ខែធម្មតា ប៉ុន្តែត្រូវធ្វើការសងម៉ោងវិញនាពេលក្រោយ។
វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា។
កន្លងទៅនេះ សាលារៀន រង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញពុំសូវសំខាន់ ត្រូវបានបិទទ្វារនៅទូទាំងប្រទេសអេស៉្បាញ តាំងតែពីថ្ងៃទី១៤ ខែមីនា ហើយប្រជាជនភាគច្រើនក៏ត្រូវបានជំរុញឲ្យនៅផ្ទះផងដែរ៕






