ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានផឹកទឹកប្តូរនិស័យ (ស្រារ) ស្រវឹងក្លែមរឿងនយោបាយ មិនអស់ចិត្ត ថែមទាំងជេរប្រមាថថ្នាក់ដឹកនាំម៉ាចាស់ដៃ ពេលសមត្ថកិច្ចទៅឃាត់ ព្រមទាំងរកវាយសមត្ថកិច្ចទៀត ទើបត្រូវឃាត់យកមកធ្វើការអប់រំ កាលពីវេលាម៉ោង ០៤និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះអ្នកលក់ដូរម្នាក់ ក្នុងភូមិត្រពាំងល្ពាក់ ឃុំយុត្តិសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា យុវជនដែលនគរបាលឃាត់ខ្លួន មានឈ្មោះ ឃឿនយ៉េង អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ យុវជនខាងលើ បានមកផឹកស៊ីរហូតដល់ស្រវឹងស្រារ នៅផ្ទះអ្នកលក់ដូរមាន ឈ្មោះ ពិនយៀន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកឩដុង្គ រួចបាននិយាយពីរឿងនយោបាយ ពីនេះពីនោះ មិនអស់ចិត្តថែមទាំងបានជេរប្រមាថ ម៉ាកងាយថ្នាក់ដឹកនាំ និងសមត្ថកិច្ចថែមទៀតផង។ ពេលនោះដោយយល់ថា យុវជនខាងលើមានការស្រវឹងស្រារ ដោយផឹកទឹកប្តូរនិស័្សយពីស្លូត មកកាចវិញនោះ នគរបាលក៏បានពន្យល់ និងធ្វើការណែនាំ ប៉ុន្តែយុវជនខាងលើមិនស្តាប់ និងរកវៃសមត្ថកិច្ចពេលចូលឃាត់ថែមទៀតផងនោះ ក៏សម្រេចចិត្តឃាត់យកមកធ្វើការអប់រំតែម្តងទៅ។ ករណីនេះបានឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អ៊ុ ណូន






