ផលិតផលកសិកម្មរបស់កម្ពុជា ចំនួន២ ប្រភេទបន្ថែមទៀត គឺចំណីសត្វសុនខ ពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ និងផ្លែដូងស្រស់ ត្រូវបានរដ្ឋាភិបាលចិនឯកភាពទទួលយក សម្រាប់ការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។
ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វសុនខពាក់ កណ្ដាលសម្រេច ធ្វើពីស្បែកគោ សម្រាប់ការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន និងការនាំចេញដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានធ្វើពិធីចុះហត្ថលេខា ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ក្រោយកិច្ចប្រជុំគណៈ កម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយរបស់ប្រទេសចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២ និងពិធីប្រគល់ និងទទួលនូវគម្រោងផែនការមេអភិវឌ្ឍកសិកម្មនៅកម្ពុជា ព្រមទាំងពិធី សម្ពោធជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់នគរ ចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ ។






