(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១)៖ ផ្ទះជនចាស់ជរាពីរនាក់ ប្ដីប្រពន្ធត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹមខណៈដែលពួកគាត់ដុតសំរាមក្បែរផ្ទះបណ្ដាលឱ្យផ្កាភ្លើងហើរទៅប៉ះនឹងដំបូលផ្ទះក៏ឆាបឆេះតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 24 ខែមេសា ឆ្នាំ 2021 នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនចាស់ជរាជាម្ចាស់ផ្ទះខាងលើមានប្ដី ឈ្មោះភល ហ៊ាង អាយុ 79 ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបញ្ជាក់ថាគ្រួសារជនចាស់ជរាទាំងពីរនាក់ប្ដីប្រពន្ធមានប័ណ្ណក្រីក្រកម្រិត 1 ដែលអាចបញ្ជាក់ថាគ្រួសារនេះពិតជាជួបការលំបាកខ្លាំងណាស់រស់២នាក់ប្ដីប្រពន្ធនិងជាជនចាស់ជរាទៀតផង ។
មុនពេលកើតហេតុ ព្រឹកឡើងពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានបោសសំរាម នៅបរិវេណជុំវិញផ្ទះហើយក៏បានដុត សំរាមទាំងនោះចោល តែចៃដន្យអាក្រក់ក៏មានផ្កា ភ្លើងហើរទៅប៉ះនិងស្លឹកប្រក់ដំបូលផ្ទះបណ្ដាលឲ្យឆាបឆេះផ្ទះទាំងស្រុងតែម្តង ពុំអាច ជួយសង្គ្រោះបានទេដោយសារតែផ្ទះប្រក់ស្លឹកនិងបាំងជញ្ជាំងស្លឹក។
ចំពោះការខូចខាតគឺផ្ទះមានទំហំ 4 គុណ និង5ម៉ែត្រ ប្រក់ស្លឹក បាំងជញ្ជាំងស្លឹកក្រាល ក្តារ. ឆេះស្រូវអង្ករសរុប 100 គីឡូក្រាម.ប្រាក់ 10 ម៉ឺនរៀល.សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត ។
ក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យទៅជួយសង្គ្រោះមិនទាន់ទេព្រោះតែផ្ទះឆេះលឿនពេក។
យ៉ាងនេះក្តីពុំមាននរណារងរបួសក្នុងហេតុការណ៍នោះឡើយ ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)






