ភ្នំពេញ ៖ គណៈអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជា នៅព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តតកំណត់ថា នឹងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះមានវត្តមាននៅកម្ពុជា មក។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍«សហគមន៍ ៣វិចិ្ឆកា» និងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ក្នុងឆ្នាំ២០២០។
ប៉ុន្តែព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១ នេះ ហាក់មានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ៕






