(ព្រៃវែង): ស្ត្រីម្នាក់បានស្លាប់ និងសត្វគោ១ក្បាលបានងាប់ ព្រមទាំងផ្ទះប្រជាពលរដ្ធចំនួន៩ខ្នងទៀតត្រូវរងការខូចខាត ដោយរន្ទះបាញ់ និងខ្យល់កន្ទ្រាក់ កាលពីរសៀលថ្ងៃសុក្រទី២៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមរបាយការណ៍បានបញ្ជាក់ថា ពេលមេឃកំពុងភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរាប់ម៉ោង បណ្តាលអោយរន្ទះបាញ់ស្លាប់ស្ត្រីម្នាក់ឈ្មោះ ប៊ិន ខុម អាយុ៤០ឆ្នាំដែលកំពុងអង្គុយនៅក្រោមផ្ទះរបស់ខ្លួននៅក្នុងភូមិស្រឡូងស្រឡី ឃុំស្មោងត្បូង ស្រុកកំចាយមារ និងសត្វគោ១ក្បាលដើរស៊ីស្មៅតាមវាលស្រែ ក៏ត្រូវរន្ទះបាញ់ងាប់ស្របពេលតែមួយដែរ។
មិនតែប៉ុណ្ណោះនៅមានផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងក៏ត្រូវរងការខូចខាតផងដែរ។ ក្នុងនោះមាន១ខ្នងនៅភូមិត្រពាំងស្គន់ ឃុំស្មោងជើង ស្រុកកំចាយមារ ត្រូវរន្ទះបាញ់ដំបូលផ្ទះ និង៨ខ្នងទៀត នៅភូមិគោកព្រាល ឃុំស្មោងជើង ស្រុកកំចាយមារ ត្រូវខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ក្នុងនោះមានផ្ទះ៣ខ្នងរងការខូចខាតធ្ងន់។
ទោះយ៉ាងណាម្ចាស់គោ១ក្បាលដែលរន្ទះបាញ់ងាប់ និងម្ចាស់ផ្ទះរងគ្រោះទាំង៩ខ្នងខាងលើក៏មិនទាន់បានគេស្គាល់ឈ្មោះឡើយ៕






