ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ ស្ថានភាពធាតុអាកាសរបស់កម្ពុជា នឹងមានការប្រែប្រួលជាបន្តបន្ទាប់ ដោយសង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។
ស្ថានភាពបែបនេះធ្វើឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាល ភ្លៀងនឹងធ្លាក់រាយប៉ាយ ជាមួយនិងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង ។
ចំណែក បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើន ។
ចំពោះ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។
ដោយសារស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ពិសេសនៅតាមបណ្តាខេត្តជាប់ទីទំនាប ជាប់ជួរភ្នំ តាមផ្លូវទឹក និងខេត្តជាប់សមុទ្រដែលអាចមានភ្លៀងធ្លាក់ច្រើន លាយឡំដោយខ្យល់បោកជារលកសមុទ្រខ្លាំង៕