កូរ៉េខាងជើងអះអាងថា ខ្លួនបានសាកល្បងប្រព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីកាលពីថ្ងៃច័ន្ទ ជាមួយនឹងការបាញ់មីស៊ីល ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្លែងបន្លំពីអង្គភាពបាញ់គ្រាប់រ៉ុក្កែតជាច្រើន។ មេដឹកនាំគីម ជុងអ៊ុន បានដឹកនាំសមយុទ្ធ ដែលក្លែងធ្វើការវាយប្រហារតបតដោយនុយក្លេអ៊ែរ បន្ទាប់ពីអ្វីដែលខ្លួនបានអះអាងថា គឺជាសមយុទ្ធកងទ័ពអាកាសរួមគ្នាប្រចាំឆ្នាំ “បង្កហេតុ និងឈ្លានពានខ្លាំង” ធ្វើឡើងដោយកងទ័ព អាកាស។ សមយុទ្ធនេះបានជួយរៀបចំកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងសម្រាប់ “បេសកកម្មដ៏សំខាន់របស់ពួកគេក្នុងការរារាំងសង្រ្គាម និងទទួលយកគំនិតផ្តួចផ្តើមនៅក្នុងសង្រ្គាម។ របបលោក គីម បានសាកល្បងអាវុធជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ មានទាំងយានហោះលឿនជាងសំឡេង អាចផ្ទុកក្បាលគ្រាប់ឆ្លងកាត់ការការពារដែនអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និង មីស៊ីលផ្លោងអន្តរទ្វីប ដែលអាចទៅដល់ដីគោករបស់អាមេរិក។ ទន្ទឹមនឹងនេះ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធាជាញឹកញាប់រៀងៗខ្លួន ដែលចុងក្រោយបំផុតគឺការហ្វឹកហ្វឺនហោះហើរកូរ៉េ ២០២៤ រយៈពេលពីរសប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែមេសា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច






