ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៏ថា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម។
ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។ នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងសុន្ទរកថាបើកឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងថា សន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។
កាលពី ២៥ ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិ សញ្ញាកើតចេញពីភាពជាដៃគូពិសេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។ ចាប់តាំងពីពេលនោះមក អនុសញ្ញាបានបោះជំហានយ៉ាងសំខាន់ ជាពិសេសក្នុងការរួមបញ្ចូលជំនួយជនរងគ្រោះទៅក្នុងគោលនយោបាយជាតិដ៏ទូលំទូលាយទាក់ទងនឹងសុខភាព ការអប់រំ និងការងារ។ ឯកឧត្តមបណ្ឌិត បន្តទៀតថា កម្ពុជាជាប្រជាជាតិមួយដែលធ្លាប់ទទួលបន្ទុកដ៏ធ្ងន់នៃគ្រាប់មីន បានប្រែក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងភាពធន់។
តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាក រេរបស់រដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគេកសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីផែនការសកម្មភាពសៀមរាប-អង្គរថ្មី និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យ និងក្តីមេត្តា ដើម្បីស្វែងរកព្រំដែនថ្មី វិធីសាស្រ្តថ្មី ការសហការថ្មី និងការប្តេជ្ញាចិត្តថ្មី ដើម្បីធានាថាគ្មានជនរងគ្រោះណាមួយ ត្រូវបានទុកចោលនោះទេ ហើយការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរថ្មីត្រូវមានលក្ខណៈគ្រប់ជ្រុង ជ្រោយ ទទួលជោគជ័យ និងមានប្រសិទ្ធភាព។ ពិភពលោកដែលមានសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវត្តមាននៃភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់មនុស្សជាតិ៕






