រដ្ឋាភិបាលជប៉ុន តារយះស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តលជំនួយឥត សំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌(គូសាណូណិ)។ ក្នុងពិធីនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងអោយដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
សម្រាប់គម្រោងដែលយើងចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក (ចិតសិបប្រាំមួយពាន់បីរយសាមសិបបីដុល្លារអាមេរិក) ទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយ សម្បទាខេត្តបាត់ដំបង។ ដោយសារកង្វះខាតដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សម ដោយសារពួកគេមិនអាចហាត់សមក្រោមពន្លឺថ្ងៃខ្លាំង ភ្លៀង ឬនាពេលងងឹត។
ឯកឧត្តម ឯកអគ្គរាជទូតបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសាងសង់ដំបូលរួចរាល់ យើងរំពឹងថា អត្តពលិក អាចហាត់សមកីឡាបាល់បោះបានគ្រប់ពេលវេលា មិនថាអាកាសធាតុបែបណាក៏ដោយ ហើយក្រុមកីឡាបាល់បោះរទេះជនពិការ អាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននៅក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អតាមរយៈការលេងកីឡា។
ឯកឧត្តម ឯកអគ្គរាជទូតបញ្ជាក់ទៀតថា ជប៉ុននិងកម្ពុជាមានទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ គម្រោងនេះនឹងជួយសម្រួលបន្ថែមដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុនក៏នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយឥត សំណងគូសាណូណិទាំងពីរទម្រង់គឺ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌៕






