BBC៖ មនុស្ស ៧នាក់ត្រូវបានបាញ់សម្លាប់នៅសាលាប្រជុំមួយក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលជាការសម្លាប់ច្រើនបំផុត នៅក្នុងការវាយប្រហារបែបនេះអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណាមិញយ៉ាងហោច ណាស់មនុស្សបីនាក់ផ្សេងទៀត បានរងរបួស ហើយប៉ូលីសបានពណ៌នាអ្នកវាយប្រហារនេះថាជា “ភេរវករ” ។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងសង្កាត់ ណេវេ យ៉ាកូវ (Neve Yaakov) នៅម៉ោងប្រហែល៨ និង២០ នាទីយប់ ម៉ោងក្នុងស្រុក។ គួរបញ្ជាក់ផងដែរថា ក្រុមធ្វើកោសល្យវិច្ច័យ កំពុងបើកការ ស៊ើបអង្កេតរថយន្តពណ៌សមួយ ដែលទំនងជាត្រូវបានប្រើប្រាស់ ដោយខ្មាន់កាំភ្លើង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកំណត់អត្តសញ្ញាណគាត់ថា ជាបុរសជនជាតិប៉ាឡេស្ទីនមកពីក្រុងហ្សេរុយសាឡឹមខាង កើត។ ថ្លែងនៅកន្លែងកើតហេតុ ស្នងការប៉ូលិសអ៊ីស្រាអែល បានហៅឧប្បត្តិហេតុនេះថាជា “ការវាយប្រហារដ៏អាក្រក់បំផុតមួយ ដែលមិនបានជួបប្រទះក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះ”។ សូមជម្រាបថា ការវាយប្រហារនេះបានកើតឡើងនៅទិវារំលឹកវិញ្ញាណក្ខន្ធ ហូឡូខស់ ដែលរំលឹកដល់ជនជាតិ ជ្វីហ្វ ចំនួន៦លាននាក់ និងជនរងគ្រោះផ្សេងទៀត ដែលត្រូវបានសម្លាប់នៅក្នុងការ សម្លាប់រង្គាលដោយរបបណាស៊ី ក្នុងប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួលដោយ: ជ ង៉ា






