មន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណជាង១០០នាក់ បានមកជួបជុំគ្នាធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើនប្រគេន ថ្វាយ សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលមានជំងឺដោយរោគាពាធ កំពុងគង់សម្រាកព្យាបាលនៅប្រទេសវៀតណាម ។
ពិធីបួងសួងនេះស្ថិតនៅក្រោមអធិបតីភាពឯកឧត្តម ទេព សំអាន អគ្គរងហិរញ្ញវត្ថុ និងភស្តុភារក្រសួងការពារជាតិ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀម រាប កាលពីថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី0៣ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើនៅពីរកន្លែងផ្សេងគ្នា ពោលគឺពេលព្រឹកធ្វើនៅព្រះអង្គធំលើខ្នងភ្នំគូលែន និងពេលរសៀលធ្វើនៅវត្តទេពប្រណម្យ ក្នុងបរិវេណប្រាសាទអង្គរធំ។
នៅក្នុងពិធីតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានោះ លោកអាចារ្យបានប្រកាសអំពាវនាវដល់ពពួកទេវតា អារុកអារក្ស អ្នកសច្ចំបាំងបទ និងវត្ថុស័ក្កសិទ្ធិក្នុងលោក នាឱកាសនោះ ដើម្បីអញ្ជើញយាងឱ្យមកសណ្ថិតនៅក្នុងពីធីបួងសួងនេះ ជាប្រយោជន៍សម្រាប់ប្រគេនថ្វាយព្រះពរសព្វសាធុការ និង ប្រោសព្រហ្មសណ្តោស ដល់ព្រះជន្មាយុសង្ខារបស់ សម្តេចសង្ឃរាជ ទេព វង្ស សូមឱ្យរួចចាក់ផុតពីទុក្ខភ័យទាំងឡាយទាំងពួង ដែលកំពុងតែយាយី ដោយព្រះរោគាព្យាធិ នៃព្រះកាយរបស់ព្រះអង្គ សូមឱ្យព្រះអង្គរទទួលបានតែសេចក្តីសុខសប្បាយ។
ទុក្ខសោករោគាឧបទ្រុឌចង្រៃ សូមឱ្យវិនាសចេញពីព្រះកាយរបស់ព្រះអង្គ ដែលព្រះអង្គកំពុងសម្រាកព្យាបាលព្រះរាជសុខភាព នៅប្រទេសវៀតណាម ៕
ប្រភព ៖ AKP






