អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភា ពនៃស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពជាប្រធានកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពល រដ្ឋ និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបាន ចាត់ទុកវិស័យសកម្មភាពមីន ជាផែនការអាទិភាព និងដាក់ បញ្ចូលជាធាតុមួយយ៉ាងសំខាន់ ក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិ។
រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយ គ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ ចំនួនជនរង គ្រោះ បានកាត់បន្ថយពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹមក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។ សមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជានេះ បានមកពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។ ទោះបីកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក៏ដោយកម្ពុជា ត្រូវការពេលវេលាបន្ថែមទៀត ក្នុងការដោះស្រាយការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបអង្គប្រជុំថា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាប្រវត្តិ សាស្ត្រដំបូងគេសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។
កម្ពុជាបានប្តេជ្ញាចិត្តចំពោះអាទិភាពសំខាន់ៗចំនួនបី រួមមាន ការធ្វើសកលភាវូបនីយកម្មនៃ អនុសញ្ញា ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញា អូតាវ៉ាឆ្នាំ២០២៤ នឹងដឹកនាំកិច្ចប្រជុំពាក់កណ្តាលអាណត្តិ និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីខាងលើ ដែលនឹងត្រូវដាក់ ជូនការិយាល័យកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលាឆ្នាំនេះ។
កម្ពុជា បាននិងកំពុង រៀបចំយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីជុំវិញពិភពលោក និង ដំណើរការនៃកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ នាខែវិច្ឆិកា ខាងមុខនេះ៕






