ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា អ្នកទេសចរជនជាតិអ៊ីស្រាអែលពីរនាក់ និងមគ្គុទ្ទេសក៍ជនជាតិអេហ្ស៊ីប ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង អាឡិចហ្សានទ្រា (Alexandria) ប្រទេសអេហ្ស៊ីប។ ជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ ដែលក្រសួងបាននិយាយថា ជាការវាយប្រហារក្នុងស្រុក។
មិនទាន់មានការបញ្ជាក់ភ្លាមៗពីអាជ្ញាធរអេហ្ស៊ីបទេ។
ប៉ុន្តែបណ្តាញទូរទស្សន៍ អ៊ិចត្រា ញ៉ូយ៍ (Extra News) ឯកជនបានរាយការណ៍ថា ប៉ូលិសម្នាក់បានបើកការបាញ់ប្រហារទៅលើក្រុមដែលមកទស្សនា។
ជនវាយប្រហារបានបាញ់ដោយប្រើអាវុធផ្ទាល់ខ្លួន គេត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ។
រូបថតនៃការវាយប្រហារ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរអេហ្ស៊ីប ដើម្បីបញ្ជូនពលរដ្ឋអ៊ីស្រាអែល ទៅកាន់ប្រទេសអ៊ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការបាញ់ប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាសបានបើកការវាយប្រហារ មិនធ្លាប់មានពីមុនមកលើភាគខាងត្បូងអ៊ីស្រាអែល ដោយបានបញ្ជូនខ្មាន់កាំភ្លើងរាប់រយនាក់ឆ្លងកាត់ព្រំដែនពីតំបន់ហ្គាហ្សា និងបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់។
យ៉ាងហោចណាស់មនុស្ស ៣៥០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈមនុស្ស ៣១៣នាក់ផ្សេងទៀតនៅហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្នុងខែមិថុនា ទាហានអេហ្ស៊ីបម្នាក់បានសម្លាប់ទាហានអ៊ីស្រាអែលបីនាក់នៅជិតព្រំដែននៃប្រទេសទាំងពីរ។
អេហ្ស៊ីបបាននិយាយថា ប្រទេសរបស់ខ្លួនបានបាញ់ប្រហារតបតជាមួយទាហាន ខណៈពេលដែលកំពុងដេញតាមអ្នករត់ពន្ធគ្រឿងញៀន ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា វាគឺជាការវាយប្រហារភេរវកម្ម។
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






