ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០៣នាក់ បានរងរបួសធ្ងន់ធ្ងរ អ្នកខ្លះបាក់ប្រអប់ជើង អ្នកខ្លះបាក់ឆ្អឹងដងកាំបិត ហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកបេសដ្ឋ ខណៈដែលយុវជន០២នាក់ជិះម៉ូតូស្គុបពី លឿនដូចហោះ វ៉ារថយន្តផុត ជ្រុលទៅបុកម៉ូតូ MSX បើកបញ្ច្រាសផ្លូវ បុកចំពីមុខប៉ើងជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ០២និង១៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ៣៣ ទៅលេខ៣៤ ចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋខេត្ដកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកបសេដ្ឋ បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ បុកជាមួយនឹងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា។
នគរបាលដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ គេបានឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-6200 បើកបរដោយឈ្មោះ ហៀង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមានពាក់មួកសុវត្តិភាពនោះទេ បានរងរបួសរលាត់ស្បែកខ្នង (ធ្ងន់ធ្ងរ) បានឌុបមិត្តភិក្តពីក្រោយឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្សរស់ នៅភូមិ ឃុំជាមួយគ្នា បានរងរបួស (បាក់ឆ្អឹងដងកាំបិតខាងស្ដាំ) ដែលបានជិះម៉ូតូឌុប គ្នាបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើង ឆ្ពោះមកទិសខាងត្បូង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើយុវជនអ្នកបើកបរ បានវ៉ាជាមួយរថយន្តមួយគ្រឿងទៀត ដែលបើកស្របទិសគ្នានោះផុត ហើយក៏បានជ្រុលទៅ បុកជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងតែបើកបរបញ្រ្ចាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រ ដែលម៉ូតូ០១គ្រឿងនោះ ម៉ាក ហុងដា MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-0387 បើកបរដោយឈ្មោះ បេង សីហា ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិដំបូកខ្ពស់ ឃុំសផុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ មានពាក់មួកសុវត្តិភាពដែល ប៉ុន្តែម៉ូតូអត់មានដាក់កញ្ចក់មើលក្រោយនោះទេ បណ្តាលអោយរងរបួសបាក់ប្រអប់ជើងខាងឆ្វេងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗ។ នគរបាលក្រោយកើតហេតុ ចុះធ្វើការវាស់វែង ចំពោះវត្ថុតាងទាំងពីរ កំលាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រង់ចាំដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុ ណូន









