(ខេត្តស្វាយរៀង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តចុះត្រួតពិនិត្យគុណភាពផលិត ផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅតាមបណ្ដាម៉ាត ដេប៉ូនានា និងនៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុត កំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាម ឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាម ឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូប អាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផល មានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖ ពពុះសណ្តែក ចំនួន ៥គីឡូក្រាម ថ្នាំដុសធ្មេញ ចំនួន ៣០ ប្រអប់ ទឹកដោះគោខាប់ ចំនួន១៥ កំប៉ុង តែ ចំនួន១៩ កញ្ចប់ ទឹកក្រូចចំនួន១៥ កំប៉ុង សាប៊ូ ចំនួន១១ កញ្ចប់ ៕






