ភ្នំពេញ ៖ អនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំដែលដាក់ឱ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលា រៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព។
សូមរម្លឹកថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាលពីថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយ ប្រថានឡើយ” ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀនត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុខភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១២នាក់) និងអ្នកសម្រាកព្យាបាល២នាក់៕
(ប្រភព ៖ ក្រសួងអប់រំ)






