ប្រធាន ICAPP បានជម្រាប សម្តេចតេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ ដោយមានបក្សនយោបាយមកពីបណ្តាប្រទេសនានា ជាច្រើនចូលរួម។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួប សំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញ នៅសាធារណ រដ្ឋកូរ៉េ។
លោក ជុង អ៊ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានមានប្រសាសន៍ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ICAPP នឹងរៀបចំមហាសន្និបាតលើកទី១២ នៅរាជធានី ភ្នំពេញ។
នេះជាលើកទី២ហើយ ដែល ICAPP បានរៀបចំមហាសន្និបាតរបស់ខ្លួននៅកម្ពុជា។
ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ធ្វើជាប្រធាននៃមហាសន្និបាត ហើយសម្តេចតេជោផ្ទាល់ធ្វើជាប្រធានកិត្តិយស។
លោក ជុង អ៊ីយ៉ុង បានឱ្យដឹងថា ដំណើររៀបចំកំពុងប្រព្រឹត្តទៅបានយ៉ាងល្អ ដោយមានកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ពីភាគីកម្ពុជា។ មហាសន្និបាតនេះ មានគោលដៅស្វះស្វែងរកសុខសន្តិភាព ការផ្សះផ្សាដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាផ្តល់ចំណេះដឹង ទៅកាន់ពិភពលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលោក ជុង អ៊ីយ៉ុង និងក្រុមការងារយកចិត្តទុកដាក់រៀបចំបែបបទនានា ជាពិសេសសេចក្តីថ្លែងការណ៍ថ្លឹងថ្លែងឱ្យសមស្របតាមស្ថានការណ៍ដោយ បញ្ចៀសឱ្យបាននូវជម្លោះនានាពីសំណាក់អ្នកចូលរួមមហាសន្និ បាត។
លោកបានលើកឡើងថា ស្ថានការណ៍ពិភពលោកបច្ចុប្បន្នមានភាពស្មុគស្មាញ មិនងាយស្រួលនោះទេ ដូច្នេះលោកនឹងយកចិត្តទុកដាក់ឱ្យមហាសន្និបាតនេះទទួលបានជោគជ័យ ដោយមិនមានប្រកាន់បក្ខពួក ឬមនោគមវិជ្ជាអ្វីនោះឡើយ។
លោកបានចាត់ទុកប្រជាជនកម្ពុជា ពិតជាមានសំណាង ព្រោះមានសម្តេចតេជោ ជាមេដឹកនាំដ៏ខ្លាំងពូកែនាំប្រទេសពីភ្លើង សង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន៕






