(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០)៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងល្បឿនលឿន លុះដល់ផ្លូវបែកជា៤ បានបុកជាមួយរថយន្តធុនធំ មួយគ្រឿងទៀត បណ្ដាលឲ្យខ្ទេចមុខទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 5 និង 45 នាទីព្រឹកម៉ិញនេះ នៅចំណុចជាប់របងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ 89 និង90ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំងដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ3B.3268 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចផ្លូវបែកជា៤ជាប់របងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បំណងទៅទិសចាងត្បូងតែ យកចង្កូតមិនទាន់បានជ្រុលទៅបុកនឹងរថយន្ត យីឌុបមួយគ្រឿងទៀត ពាក់ស្លាកលេខព្រះសីហនុ 3A5658 ទិសដៅពីត្បូងទៅជើងបណ្ដាលឱ្យ រថយន្តក្រុងខ្ទិចមុខទាំងស្រុងនិងខ្ទៀតថយក្រោយបុករបងមន្ទីរបរិស្ថានខ្ទិចអស់មួយជ្រុង។
ចំណែករថយន្តបែកធុងប្រេងនិងបែកកង់ក្រោយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ២១ឆ្នាំ មានស្រុក កំណើតភូមិច្រកជី ឃុំកំពែង ស្រុកគីរីវង់ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោមរកសារធាតុញៀន ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍មួយរយៈធំ ដោយសាររថយន្តក្រុងដែលរងការខូចខាតនៅកណ្ដាលផ្លូវ ទំរាំសមត្ថកិច្ចចុះសម្រួលចរាចរណ៍ ហូតរថយន្តទាំងពីរគ្រឿងចេញ ពីផ្លូវចេញបាន ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)





