(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០)៖ ផ្លូវបេតុងប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង៣លានដុល្លា នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្រុកសំពៅលូន នៃខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភដោយក្រុមហ៊ុនបច្ចឹមស្ទៀល របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រីតឹក ប៊ុនធឿន និង ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋនៃខេត្តទាំង២អាស្រ័យផលទាំងការធ្វើដំណើរ ការប្រកបដំណាំកសិកម្មនិងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយមានការអញើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត បាត់ដំបង និងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង -ស្រុក នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅបរិវេណខាងកើតក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្នុងស្រុកម៉ាឡៃ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនបច្ចឹមស្ទៀល និង ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រាហើយផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្រ្តសំខាន់មួយក្នុងការតភ្ជាប់ពីភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ទៅកាន់ភូមិត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ឯកឧត្តម អភិបាលខេត្តបានបន្តលើកឡើងថា៖ជាង២០ឆ្នាំបន្ទាប់ពីបានទទួលសុខសន្តិភាពពេញលេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយ”ឈ្នះ ឈ្នះ”របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្រួមបង្រួមជាតិនិងផ្សះផ្សារជាតិទាំងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន មានតួនាទីដូចគ្នា និងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានក្នុងការកសាងទឹកដី ជាតិមាតុភូមិ និងកសាងខេត្តបន្ទាយមានជ័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពសំបូរណ៍សប្បាយ ប្រកបដោយសេចក្តីសុខក្សេមសាន្ត និងមានសុភមង្គល។
ជាមួយគ្នានោះក្នុងនាមជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់ ក្រុមហ៊ុនបច្ចឹមស្ទៀល និង ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ដែលបានកសាងផ្លូវមួយខ្សែដ៏មានសារៈសំខាន់នេះឡើងក្នុងគោលបំណងបំរើអោយវិស័យគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងការរួមចំណែក កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការីចម្រើនលើគ្រប់វិស័យ ដូចប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា”មានផ្លូវគឺមានសង្ឃឹម”។ជាក់ស្តែងផ្លូវមួយខ្សែនេះធ្វើអោយខេត្តទាំង០២កាន់តែគៀកជិតគ្នា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ចសង្គម និងបម្រើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មផងដែរ៕





