(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០)៖ ក្រុមអាជីវករទិញត្រីនៅមាត់កំពង់ទឹកភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បាទត្អូញត្អែរ ពីការទិញត្រីរបស់ពួកគាត់ឆ្នាំនេះបានថយចុះ ជាងរាល់ឆ្នាំ ហើយបានចោទទៅលើបញ្ហាទឹកទន្លេមិនទាន់ឡើងនៅឡើយ ។
ចំណែកប្រជាជននេសាទនៅឯមាត់កំពង់ទឹកភូមិសេះស្លាប់ក៏និយាយប្រហែលគ្នាដែរថា៖ទឹកមិនទាន់ឡើង ប្រជានេសាទមិនអាចប្រកបនេសាទ បានទេ បើទោះបីខែនេះជារដូវបិទនេសាទ ក៍ពិតមែន ប៉ុន្តែពួកនៅតែអាចនេសាទជាលក្ខណៈគ្រួសារ បានដែរ សំខាន់ឱ្យតែមានទឹក ។
បុរសឈ្មោះ ឈឹម សុគន្ធ ដែលជាអាជីវករទិញត្រីម្នាក់ ក្នុងចំណោមអាជីវករជាច្រើននាក់ ដែលចាំទិញត្រី នៅមាត់កំពង់ទឹក ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបួរណ៌ បានឲ្យដឹងថា៖ ចូលដល់ខែកក្កដាទៅហើយ ទឹកទន្លេនៅមិនទាន់នៅឡើយ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែនេសាទលក្ខណៈគ្រួសារ គ្មានឱកាស រកត្រីសម្រាប់ចិញ្ចឹមបានឡើយ ។
តាមធម្មតាជារៀងរាល់ឆ្នាំនៅដើមខែកក្កដាបែបនេះ ទឹកអាចឡើងមានកម្ពស់ពីកន្លះទៅ១ម៉ែត្របាត់ទៅហើយ ប៉ុន្តែពេលនេះ ទឹកទន្លេមិនទាន់ឡើងសូម្បីបន្តិច ។
គាត់បានរំឭកកាលពី ៤-៥ ឆ្នាំមុន គាត់អាចទិញត្រីក្នុងមួយថ្ងៃតិចណាស់ ក៏៣ តោនដែរ ។
ប៉ុន្តែពេលនេះគាត់ទិញត្រីមិនបាន១០០ គីឡូក្រាមផង ។
គាត់បានឮតគ្នាថា៖ ទឹកទន្លេមិនទាន់ឡើង មកពីគេបិទទឹកនៅប្រទេសចិន ប្រទេសឡាវ ទើបធ្វើឱ្យទន្លេសាបយើងគ្មានទឹកឡើង ។
លោកបានបញ្ជាក់ថា៖ នៅទីនេះ (មាត់ទន្លេឆ្នុកទ្រូ)បើទឹកឡើងភ្លាម មានត្រីភ្លាម មិនដឹងមកពីណា តែនេះ គោករាក់អស់ហើយ ។
ដោយឡែកនៅឯមាត់កំពង់ទឹក ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ដដែលនេះដែរគេឃើញមានឧបករណ៍នេសាទជាច្រើននៅលើគោក ដែលត្រៀមចុះទឹកនៅពេលដែលមានទឹកមកដល់ ។
អ្នកនេសាទម្នាក់ ឈ្មោះអឿម រិទ្ធ មានទីលំនៅភូមិសេះស្លាប់ បានឲ្យដឹងថា៖ ឲ្យគាត់នេសាទដូចម្ដេច បើផ្ទៃទឹកទន្លេសាបនៅទីនេះគ្មានទឹកសោះនោះ ។
កាលពីប៉ុន្មានថ្ងៃមុនពេលភ្លៀងធ្លាក់ទឹកអាចឡើងបានប្រហែលកន្លះម៉ែត្រដែរ តែក្រោយមក ក៍ស្រកទៅវិញអស់ ។ សព្វថ្ងៃនេះមិនមែនតែគាត់ទេ ដែលរករបរតែនេសាទ គឺមួយភូមិសេះស្លាប់ រកនេសាទដូចគ្នា ដើម្បីចិញ្ជឹមជីវិត ហើយបើពេលនេះទឹកទន្លេមិនទាន់ឡើងបែបនេះ ពួកគាត់រំពឹងអី?។
ជុំវិញបញ្ហានេះ កន្លងទៅមន្ត្រី រដ្ឋបាលជលផល ឮខេត្តកំពង់ឆ្នាំង ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ រឿងទិន្នផលត្រីថយចុះមានកត្តាច្រើនយ៉ាង ដូចជាកត្តាមនុស្សកើនឡើង ធ្វើមានការនេសាទច្រើនហួសកំរិត ,ការនេសាទ ក្នុងរដូវបិទនេសាទ, ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ដូចជា ប្រើឧបករណ៍ ឆក់, ប្រើរបាំងលប ស្បៃមុង, ប្រើរបាំងសាច់អួនក្រឡាញឹក , ប្រើលបប្រើស១០០, ការដាក់សម្រាស់ក្នុងទន្លេ ,ការកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន , ការចាក់លុបបឹងព្រែក ក៍ធ្វើឱយបាត់បង់ជម្រកត្រីពងកូនដែរ , ការអូសអួនដោយម៉ាស៊ិន ជាដើម។ល។
គឺសុទ្ឋតែជាកត្តា ដែលធ្វើឱយធនធានជលផលថយចុះដែរ ។ ក្រៅពីនោះនៅមានកត្តាធម្មជាតិ ដូចជារបបទឹកភ្លៀងមិនគ្រប់គ្រាន់ មិនអាចបំពេញផ្ទៃបឹងទន្លេសាប បាន និងជាងនេះទៀត ដោយសារការបង្កើតវារីអគ្គីសនី នៅប្រទេសចិន និងប្រទេសឡាវ បានធ្វើឱ្យបាត់របបទឹកទន្លេមេគង្គ ដែលធ្លាប់តែហូរមកជួយបំពេញផ្ទៃបឹងទន្លេសាបផងដែរ ៕





