(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០)៖ផ្លូវមួយខ្សែដែលមាន ប្រវែង១៣គ.មកន្លះ ចាប់ពីព្រំប្រទល់នៃសង្កាត់ព្រះពន្លា ទៅភូមិបង្រោះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណនេះត្រូវបានបើកការដ្ឋានស្ថាបនា កាលពី ម្សិលម៉ិញ ក្រោមអធិបតីភាពឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយសម្រួលរាល់ផលប៉ះពាល់លើការស្ថាបនាផ្លូវនេះ ដោយផ្លូវមួយខ្សែនេះជាប្រយោជនរួមសម្រាប់បងប្អូននៅមូលដ្ឋានធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ពិសេសបង្កភាពងាយស្រួលដល់សិស្សា នុសិស្សទៅសិក្សារៀនសូត្រ។
ឯកឧត្ដម បន្តថា សមិទ្ធផលទាំងនេះ កើតចេញដោយ កត្តាសុខសន្តិភាព សន្តិភាពបាននាំមកនូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ នេះក៏ដោយសារកាដឹកនាំដ៏ឈ្លាសវៃរបស់មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន។
លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ឲ្យដឹងថា ផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់ណាស់ចំពោះបងប្អូនពលរដ្ឋនៅមូលដ្ឋានធ្វើដំណើរ ប្រកបរបរកស៊ី ឬដឹកទំនិញ កសិផលផ្សេង ឬទៅលក់ដូរឥវ៉ាន់នៅទីផ្សារក្នុងទីរួមខេត្ត។
ដោយផ្លូវមួយខ្សែនេះ មានភាពលំបាកជាច្រើនឆ្នាំមកហើយ ដោយរដូវវស្សាដក់ទឹក រអិលពិបាកធ្វើដំណើរ ពិសេសសិស្សានុសិស្សធ្វើដំណើរតទៅរៀនជាដើម ហើយនៅរដូវប្រាំងវិញមានដីភាពហុយខ្លាំង។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋនៅភូមិកំព្រីងគាត់មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ជាមួយនិង ការស្ថាបនាផ្លូវនេះ ។
ពួកគាត់បាននិយាយថានឹងចូលបរិច្ចាគនូវផលប៉ះពាល់ទាំងឡាយ ព្រោះ គាត់ចង់បានផ្លូវធ្វើដំណើរឲ្យបានស្រួលដើម្បីដឹកកសិផលរបស់ពួកគាត់ទៅរកទីផ្សារនិងសម្រាប់អ្នកមានជម្ងឺ ក៏ដូចជាកូនចៅគាត់ទៅសាលារៀនបានទាន់ពេលវេលាផងដែរ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)