ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និង មនុស្សចំនួន នាក់ផ្សេងទៀតបានងរបួសស្រាល ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ សូរ សាវី អាយុ ៥២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកឯភាគីម្ខាងទៀតទី១-ឈ្មោះ ហេង វិបុត្រ អាយុ ៣៤ឆ្នាំ មុខរបរ រត់កង់បី (ប្តីរងរបួសជើងខាងឆ្វេង) និងទី២-ឈ្មោះ វ៉ាន់ ថារី អាយុ ៣៤ឆ្នាំ មុខរបរ មេផ្ទះ(ជាប្រពន្ធ) និងកូនតូចអាយុ ២ខួប។
បច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញម៉ូតូ ម៉ាកសង់សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CI-4311 មួយគ្រឿងជិះគ្នាចំនួន ៣នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ ២ខួប បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៍បានបត់ស្តាំដៃឆ្លងផ្លូវ ភ្លាមៗនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-1453 បានជិះក្នុងទិសដៅពីត្បូងទៅជើង ក៏បានមកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរ ម៉ូតូសង់ស៊េរី២០១៥នោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រឺឯភាគីម្ខាងទៀតបានរងរបួសស្រាល ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងសមត្ថកិច្ចចរាចរណ៍ក្រុងចុះមកធ្វើ ការវាស់វែងយកម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយ។ ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តព្រែកព្នៅ៕ ម៉េង ធា










