(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានព្រះលិខិតស្នើសុំដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឲ្យចាត់វិធានការលើលោកគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ គឺលោកសាស្ត្រាចារ្យ ឡុង សារិន នៅសាលារៀន E-School Cambodia ធ្វើឲ្យប៉ះពាល់តម្លៃព្រះសង្ឃគណៈមហានិកា យយ៉ាងធ្ងន់ធ្ងរ។
សម្តេចព្រះសង្ឃនាយក បានលើកឡើងថា លោកគ្រូ ឡុង សារិន បានបង្រៀនតាមអនឡាញដល់សិស្សានុសិស្ស ដោយប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ។
លោកគ្រូបានបង្ហាញពីការបន្តុះបង្អាប់ម្ខាង និងលើកម្ខាង ដោយពោលសរសើរព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ប្រព្រឹត្តវិន័យតឹងរ៉ឹង និងដាបន្ទាបព្រះសង្ឃគណៈមហានិកាយ ស្មើដោយបុព្វជិតគ្មានវិន័យ ប្រព្រឹត្តធូររលុង ប្រាសចាកធម៌វិន័យរបស់ខ្លួន ហាក់ ដូចជាអាក្រក់ណាស់ ពិបាកនឹងគោរព។
សម្តេចព្រះសង្ឃ នាយកចោទសួរថា តើក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តណាមួយដែលព្រះសង្ឃធម្មយុត្តមិនកាន់លុយ មិនប្រើទូរស័ព្ទ និងមិនពាក់ស្បែកជើងនោះ?