យុវជនជនជាតិហៃទី រាប់ពាន់នាក់កំពុងសម្រុកចាប់យកឱកាសក្លាយជាទាហាន បន្ទាប់ពីមានសេចក្តីប្រកាសរបស់យោធាក្នុងការជ្រើសរើសកងទ័ពបន្ថែម ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រីករាលដាល បានបង្កើតជាឱកាសការងារដ៏កម្រមួយនៅក្នុងប្រទេសក្រីក្រខ្លាំងមួយនេះ ដែលពលរដ្ឋជាច្រើនកំពុងខ្វះការងារធ្វើ។
រដ្ឋាភិបាលរបស់ប្រទេសហៃទី មិនបាននិយាយថាចំនួនទាហានប៉ុន្មាននាក់ដែលខ្លួនមានបំណងជួល ឬមនុស្សប៉ុន្មាននាក់ដែលបានដាក់ពាក្យមកទល់ពេលនេះទេ ប៉ុន្តែឯកសារដែលបានផ្សាយតាមអ៊ីនធឺណិតដោយក្រសួងការពារជាតិបង្ហាញថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ត្រូវបានជ្រើសរើសត្រឹមពាក់កណ្តាលខែសីហា ហើយត្រូវបានស្នើឱ្យដាក់ឯកសារផ្ទាល់ខ្លួន ខណៈពួកគេកំពុងរង់ចាំការធ្វើតេស្តរាងកាយ និងផ្លូវចិត្ត។
ប្រសិនបើអ្នកដាក់ពាក្យទាំងអស់នោះត្រូវបានជ្រើសរើស នេះនឹងកើនឡើងទ្វេដងនៃកងកម្លាំងត្រឹមតែ ២.០០០នាក់កាលពីដើមឆ្នាំមុន។
ប្រហែល ៦០ភាគរយនៃចំនួនប្រជាជនសរុបរបស់ហៃទី ឬមនុស្សជិត ១២លាននាក់ រកចំណូលបានតិចជាង ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងកំណើនអតិផរណាឡើងដល់តួលេខពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គេមិនដឹងទេថាទាហានហៃទីទទួលបានប្រាក់ឈ្នួលប៉ុន្មាន នោះទេប៉ុន្តែយុវជនដែលដាក់ពាក្យជាច្រើនបាននិយាយថា មិត្តភក្តិក្នុងជួរកងទ័ពប្រាប់ថាពួកគេរកបានប្រហែល ៣០០ដុល្លារក្នុងមួយខែ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






