កណ្តាល ៖ យុវជនម្នាក់ ត្រូវជនដៃដល់កាប់នឹងកាំបិតប៉័ងតោ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម ដែលករណីនេះ
គេមិនទាន់ដឹងពីមូលហេតុដែលជនដៃដល់កាប់សម្លាប់ជនរងគ្រោះនៅឡើយ គ្រាន់តែដឹងថា មុនកើតហេតុ ជនរងគ្រោះ
និងជនដៃដល់ រួមនឹងមនុស្ស៣នាក់ទៀត បានអង្គុយផឹកស្រាជាមួយគ្នា ។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ អ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើមាន ឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យពាក់ព័ន្ធនឹងករណីនេះ មាន២នាក់ ទី១ឈ្មោះ ស្រេង លីដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី២ឈ្មោះ អ៊ូច រី ហៅចូញ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង
ខេត្តកណ្តាល (គេចខ្លួន) ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញកាំបិតបុង័តោដងឈើផ្លែដែកប្រវែង២០សង់ទីម៉ែត្រ ចំនួន០១។
លោកអធិការ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោងជាង៤រសៀល (ថ្ងៃកើតហេតុ) ជនរងគ្រោះ ហ៊ ផានិត
ហៅ ង៉ូវ រួមនិងឈ្មោះ ឆាន់ ជ័រ ភេទប្រុស ឈ្មោះ រុំ តុលា ភេទប្រុស និងឈ្មោះ ស្រេង លីដា (ជនសង្ស័យ) ភេទប្រុស
បាននាំគ្នាផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែ នៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប លុះផឹកស្រាអស់ចំនួនជាង០១លីត្រ ឈ្មោះ រុំ តុលា
បានទូរស័ព្ទហៅឈ្មោះ អ៊ូច រី ហៅចូញ (ជនសង្ស័យ) មកផឹកស្រាជាមួយ ពេលនោះ ពួកគេផឹកស្រាអស់ជាង ០៣លីត្រ
ស្រវឹងរៀងៗខ្លួន រួចក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅឯឃុំត្រើយស្លា ។ មុននិងចេញទៅខាងរ៉ាអូខេ ពួកគេបានជិះម៉ូតូទៅ ផ្ទះរបស់ឈ្មោះ អ៊ូច រី ហៅចូញ ហើយរង់ចាំឈ្មោះ អូច រី ហៅចូញ ងូតទឹក ។ ពេលនោះឈ្មោះ ឆាន់ ជ័រ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅហាងខារ៉ាអូខេមុន ។ មួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញស្រាប់តែឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ដេកលើឥដ្ឋមានឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅចូញ កាន់កាំបិតបុង័តោ រួចឈ្មោះ ស្រេង លីដា ក៏បានចាប់អោបចង្កេះឈ្មោះ អ៊ូច រី ឃាត់កុំឲ្យកាប់ថែមទៀត ខណៈនោះឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត បានបន្តិចឈ្មោះ អ៊ូច រី ទំលាក់កាំបិតប៉័ងតោចោល រួចក៏ឡើងជិះម៉ូតូ ចេញទៅបាត់តែម្ដង ។ ចំណែកឈ្មោះស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើល ហើយក៏ត្រលប់មក កន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចហៅមកសាកសួរតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ ស្រេង លីនដា រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញឃាត់នៅអធិការដ្ឋាននគរបាលស្រុកស្អាង
ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី ៕ ដោយ ដាំ ជា













