យ៉ាងហោចណាស់សមាជិក៣នាក់ នៃកងកម្លាំងប្រដាប់អាវុធអារ៉ាប់រួម (UAE) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាមួយក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu) រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ នេះបើតាមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារ ដែលបានកំណត់គោលដៅលើកងទ័ពនៅឯមូលដ្ឋានយោធា ជេននឺរាល់ ហ្គរដិន (General Gordon)បណ្តាលឱ្យមានរបួសមន្ត្រីបីនាក់ មកពីកងកម្លាំងការពារជាតិបារ៉ែន និងកងទ័ពជាតិសូម៉ាលីផងដែរ។
ការស្លាប់ដែលត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិអារ៉ាប់រួម បានកើតឡើង បន្ទាប់ពីទាហានសូម៉ាលីម្នាក់ បានដកកាំភ្លើងរបស់គាត់ សំដៅទៅលើទាហាននៅខាងក្នុងកន្លែងយោធា។
ទាហានរបស់ UAE ស្ថិតនៅក្នុងបេសកកម្មហ្វឹកហាត់របស់កងទ័ពជាតិសូម៉ាលី ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគីរវាង UAE និងសូម៉ាលី។ ប្រធានាធិបតីសូម៉ាលី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសឧប្បត្តិហេតុនេះ និងបានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជននៃ UAE ចំពោះមន្រ្តីដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ។ ប្រធានាធិបតីបានបញ្ជាឱ្យកងកម្លាំងសន្តិសុខធ្វើការស៊ើបអង្កេត ជាបន្ទាន់មួយចំពោះឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងប្រទេស។
លោកបានបន្ថែមថា អាល់ សាបាប់ ដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាល អស់រយៈពេលជាងពីរទសវត្សរ៍ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា យុទ្ធជនរបស់ខ្លួនបានសម្លាប់មនុស្សជាច្រើនដែលពាក់ព័ន្ធនឹងបេសកកម្មហ្វឹកហ្វឺនយោធារបស់ អេមីរ៉ាទីនៅក្នុងប្រទេសសូម៉ាលី៕ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ