តាមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី២៩ មេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សម្ដេចតេជោអំពាវនាវបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។
យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។
សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនចរាចរណ៍ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋជិត៥០០ នាក់ ដែលជារឿងចាំបាច់ត្រូវរឹតបន្តឹងចរាចរណ៍ឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។