(ខេត្តព្រៃវែង,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១)៖យោងតាមលទ្ធផលបានពិនិត្យ រក មុខសញ្ញាវីរុសកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រៃវែងបានរកឃើញអ្នកវិជ្ជមាន ជម្ងឺ កូវីដ-១៩ថ្មី ចំនួន២៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភ: និងមកពីតាមបណ្តារាជធានី-ខេត្ត និងមកពីក្រៅប្រទេស ដូចមានប្រវត្តិថ្ងៃធ្វើដំណើរ និងឈ្មោះ រួមជាមួយទីកន្លែងស្នាក់នៅ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់ ឬនៅក្នុងតារាងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន៣៣០នាក់ បានព្យាបាលជាសះស្បើយចំនួន១៥២នាក់ កំពុងសម្រាកព្យាបាលចំនួន១៧៤នាក់ និងស្លាប់៤នាក់។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ធបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច២ដងក្នុង១ថ្ងៃ និងត្រូវសម្រាក់នៅផ្ទះបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពអោយបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ -៣ការពារ និង៣កុំ-របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម។ល។ ត្រូវទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាមក្រុង-ស្រុក ឬប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយ:លេខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ (ឯកឧត្តម វេជ្ជ: សេង បញ្ញាឬទ្ធិ)៕
ដោយ៖ស៊ឹម សាន់(កែសម្រួលដោយ មណ្ឌល កែវ)






