(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិ
បតីក្នុងការប្រគល់ផ្ទះចំនួន ៣ខ្នង ដល់គ្រួសារកងទ័ព ដែលពលី ពិការ រួមនឹងអណ្តូងទឹកមួយកន្លែងទៀត សំរាប់ប្រើប្រាស់ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង,ស្រុកត្រពាំងប្រាសាទ,ខេត្តឧត្តរ មានជ័យ ជាអំណោយផ្ទាល់របស់ឯកឧត្តមដោយចំណាយថវិកាអស់១៧លាន៦សែនរៀល។
ឧត្តមសេនីយ៍ទោ នាង ឃីម បានសួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤១ និងបានកោតសរសើរចំពោះវឌ្ឍនភាពរបស់អង្គភាព ដែលមានការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗពីមួយឆ្នាំ ទៅមួយឆ្នាំ ។
ឯកឧត្តមបានលើកឡើងថា ក្រោយប្រទេសមានសន្តិភាព រដ្ឋាភិបាលបានខិតខំពន្លឿនការកសាង ទូទាំងប្រទេស និងបានជំរុញការកសាង នៅតាមបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងកិច្ចការពារបូរណភាពទឹកដី ដោយការខិតខំពង្រីក ការកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលថ្ងៃខាងមុខកម្ពុជា នឹងប្រែក្លាយតំបន់ដែលមិនធ្លាប់មានមនុស្សទៅដល់ ប្តូរពីតំបន់អតីតសមរភូមិប្រយុទ្ធ សំបូរទៅដោយគ្រាប់មីន ជំងឺគ្រុនចាញ់ ទៅជាតំបន់ដែលឈរជើងដ៏រឹងមាំ នឹងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានរស់នៅបង្កបង្កើនផលបាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យោធិនពិការ និងនិវត្តន៍ជន តាមរយៈការតម្លើងប្រាក់បៀវត្ស ផ្តល់ផ្ទះ ដីសង្គមកិច្ចជាដើម៕