ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានបង្ខំឱ្យផ្អាកថ្នាក់រៀនផ្ទាល់នៅសាលារៀន និងជំនួសមកវិញដោយថ្នាក់រៀនអនឡាញ ដោយសារកម្តៅក្តៅខ្លាំងមិនធ្លាប់មានក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ គេក៏មានក្តីព្រួយបារម្ភចំពោះបញ្ហាអាកាសធាតុកាន់តែអាក្រក់ទៅៗនៅឆ្នាំបន្តបន្ទាប់ ដោយអាចប៉ះពាល់កាន់តែខ្លាំងដល់ការអប់រំ ។ កាលពីសប្តាហ៍មុន សិស្សសាលានៅឯសាលារដ្ឋចំនួន ៧,០០០ សាលានៅហ្វីលីពីន ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ ដោយសារតែអាកាសធាតុក្តៅខុសពីធម្មតានៅតាមតំបន់ជាច្រើនដែលភ្នាក់ងារព្យាករណ៍ឧតុនិយមបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino)។ គ្រូបង្រៀន និងសហជីព លើកឡើងថា ដោយសារតែសាលារដ្ឋភាគច្រើននៅក្នុងប្រទេសដែលមានប្រជាជន ១១៥ លាននាក់ មានបំពាក់ឧបករណ៍មិនទំនើបគ្រប់គ្រាន់ដើម្បីទប់ទល់នឹងកំណើនសីតុណ្ហភាព និងបម្រែបម្រួលអាកាសធាតុផ្សេងៗទៀត ដូចនេះ រៀនតាមអនឡាញក្លាយជាជម្រើសមួយដែលមានសុវត្ថិភាពបំផុតក្នុងអំឡុងរលកកម្តៅខ្លាំងបែបនេះ ៕






