ក្រុងប៉ោយប៉ែត៖បន្ទាប់ពីឱសានវាទរបស់អាជ្ញាធរថៃបានផុតនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះធ្វើឲ្យពលរដ្ឋបងប្អូនអាជីវករប្រមាណ៦០នាក់បម្រុងឆ្លងដែនចូលទៅប្រទេសថៃដើម្បីបើកតូបលក់ដូរឬប្រកបមុខរបរផ្សេងៗ តែអាជ្ញាធរថៃបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងប្រទេសរបស់ខ្លួន។
អភិបាលរងខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ ដែលឱសានវាទនេះត្រូវផុតនៅថ្ងៃទី០៥ខែមេសានេះ ។
ប៉ុន្តែភាគីថៃបានប្រកាសបិទជាលើកទី២បន្តទៀតរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណៈដែលប្រទេសថៃកំពុងដាក់ក្នុងភាពប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពីការរីករាលដាលនៃជំងឺកូវីត១៩ បើសិនមានការប្រែប្រួលយ៉ាងណានោះភាគីថៃនិងជូនដំណឹងបន្តទៀត។
លោកអភិបានរងបញ្ជាក់បន្ថែមថា ចំពោះលិខិតឆ្លងដែន ប័ណ្ណព្រំដែន វីសារការងារ នៃប្រជាពលរដ្ឋទាំងពីរ នៅក្នុងអន្តរកាលនៃជំងឺកូវីត១៩នេះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការចរចារសុំឲ្យមានការលើកលែង មិនធ្វើការផាកវិន័យនោះទេ។
ក្នុងខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាត ហើយបើសិនជាករណីចាំបាច់ បំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬមានហានីភ័យធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់នោះ អាជ្ញាធរទាំងពីរនិងជួយសម្របសម្រួលអនុញ្ញាតិឲ្យយកទៅសង្គ្រោះនៅក្នុងប្រទេសថៃបាន៕





