មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន អង្គការផ្នែកអភិរក្ស មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សា នុសិស្សជិត ៣០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ បានដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីខេត្តបាត់ដំបង។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រទេសមានសន្តិភាព ជាពេលដែលយើងត្រូវផ្តល់សន្តិភាព និងសុវត្ថិភាពដល់សត្វព្រៃ។
ពិធីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ ដំបង ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ព្រម ទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប៉ៃលិន រួមជាមួយអង្គការ ដៃគូជាច្រើន ពិសេសមូលនិធិម៉ាដុក ជូលីភីត របស់លោកស្រីអេនជីណា ជូលី តារាភាពយន្តហូលីវូតល្បីពិភពលោក។
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្វីដែលយើងចង់បាន គឺការរួមគ្នាការពារ ព្រៃឈើ និងការពារសត្វព្រៃដែលកំពុងមាននៅតំបន់ការពារធម្មជាតិ ត្បិតមក ដល់ពេលនេះ មិនទាន់ហួសពេលក្នុងការអភិរក្សសត្វ នៅសេសសល់នោះទេ ប៉ុន្តែជាពេលវេលាត្រូវចាប់ផ្តើមដោយគ្មានការបង្អង់ ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ។
អន្ទាក់ គឺជាឃាតករលាក់ មុខ ហើយបាននឹងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។
អន្ទាក់បានបង្កឱ្យសត្វព្រៃមួយចំនួនបានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឲ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។ នៅពេលនេះប្រទេសជាតិមានសុខសន្តិភាពហើយ ហើយជាពេលត្រូវបន្តសន្តិភាព ទៅឲ្យសត្វ ព្រៃ តាមរយៈការដោះអន្ទាក់ចេញពីព្រៃ និងតំបន់ការពារទាំងអស់ ទន្ទឹមគ្នានឹងការផ្សព្វផ្សាយ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើលសនៃការដាក់អន្ទាក់នៅ ក្នុងព្រៃ និងតំបន់ការពារសត្វព្រៃ។
រដ្ឋលេខាធិការក្រសួង បរិស្ថាន ក៏បានប្រកាសដោយមោទនភាពពីភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការអន្ទាក់សូន្យលើទី២នេះ ដែលបានចូលរួមកាត់បន្ថយចំនួនអន្ទាក់ និងបទល្មើសធនធានធម្មជាតិ។
កម្ពុជា គឺជាប្រទេសដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៏ដែលបានផ្តួចផ្តើមគំនិតមុនគេ ក្នុងការដាក់ ចេញយុទ្ធនារការអន្ទាក់សូន្យ ក្នុងការការពារសត្វព្រៃ។
សូមជម្រាបថា ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ តាមរបាយដដែលនេះ អន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់ បង់នូវសត្វកម្រមួយចំនួនដូចជា៖ សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម៕






