រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានធ្វើបទបាឋកថាជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹក ចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀងទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem- Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកដល់មន្រ្តីសុខាភិ បាលទាំងអស់ កាន់តែបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈយើងកាន់តែច្រើន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាលើប្រធាន បទ “កត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិ បាល” មកចែករំលែក។
ក្នុងបទបថកឋានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកពីកត្តាចំនួន ៣ សម្រាប់ធ្វើការដឹកនាំអង្គភាពអោយបានជោគជ័យគឺ (១) ត្រូវមានទិសដៅច្បាស់ លាស់ (២) ត្រូវមានផែនការអនុវត្តដែលមានភាពត្រឹមត្រូវនិងប្រកដប្រជា និង (៣) ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។
ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួរជាបង្អែកឬ ជាស្ពានសម្រាប់អោយបុគ្គលិកទាំងអស់ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។
ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើការងារបង្កើនការលាងដៃនៅក្នុងមន្ទីរពេទ្យ។
បទបង្ហាញនេះបានរំលេចពីលទ្ធផលជាវិជ្ជមាននៃការលាងដៃនៅក្នុងមន្ទីរពេទ្យ ហើយក្រុមការងារមន្ទីរពេទ្យក៍បានទទួលធាតុចូលបន្ថែមពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះអោយកាន់តែប្រសើរនាពេលខាងមុខ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិ បាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕
អ៊ួង សុភារុន






