ប៉ៃលិន៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួល ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យា ល័យចំនួន ៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧ នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១ កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប ៩៨នាក់ ស្រី៦១ នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១៦.១៩៥ នាក់ ស្រី ៥.៣០៥ នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ចំនួន ១.៣៩៩ នាក់ ស្រី ៦៨២នាក់), មត្តេយ្យសិក្សាសាធារណៈចំនួន ២៥ សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មីសរុប ៤៨១នាក់ ស្រី ២៤៤នាក់ និងមត្តេយ្យសិក្សាសហគមន៍សិស្សចុះឈ្មោះចូលរៀនថ្មីសរុប ១១៧នាក់ ស្រី ៦៧នាក់។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំជំរុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលា រៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងបន្តលើក កម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះ ស្ថានសិក្សា ថែមទាំងរៀបចំបរិស្ថានសាលារៀនស្អា បៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវ កាយ នៅគ្រឹះស្ថាន សិក្សាគ្រប់កម្រិត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសា បរទេស ហើយចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ៕






