ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួង បរិស្ថាន នឹងនាំយកកូនឈើប្រមាណ៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីយកទៅចូលរួមដាំក្នុងយុទ្ធនាការដើមឈើយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។
រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមធ្វើការ បណ្តុះកូនឈើច្រើនប្រភេទក្នុងនេះមានដូចជា៖ កូនឈើឈើហូបផ្លែ កូនឈើប្រណិត ប្រភេទកូនឈើដាំតាមទីសាធារណៈ ដែលផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូវយកទៅដាំតាមទីតាំងនានាក្នុងនេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថានរាជនី ខេត្តចូលរួមបណ្តុះកូនឈើ និងចែកជូនដល់ប្រជាសហគមន៍ យ៉ាងហោចណាស់ឱ្យបាន១០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ ។
តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើដាំស្តារព្រៃ និងចូលរួមការ ពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ន។
លើសពីនេះឯកឧត្តម អ៊ាង សុផល្លែតបានថ្លែងដែរថា៖ ការដាំកូនឈើហូបផ្លែនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាត ដល់ភ្នែកទេស ចរណ៍ទេ តែដើមឈើទាំងនោះនៅពេលហុចផ្លែវាអាចផ្តល់នូវប្រាក់ចំណូលតាមរយៈការលក់ដល់ភ្ញៀវទេសចរសម្រាប់ការជួយបង្កើនជីវភាពប្រជាសហគមន៍ថែមទៀត។
គួរបញ្ជាក់ថា ការបណ្តុះកូនឈើនិងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ក្រៅពីនេះវា នឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ៕






