ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការដ៏មានសារៈ សំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា ប្រសិនបើពលរដ្ឋ ខ្មែរណាម្នាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងគោលបំណងមិនត្រឹមត្រូវ ធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយ ការចំណាយរបស់រដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើការផលិត និងផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។ ដោយឡែកពីសេវាអត្តសញ្ញាណប័ណ្ណ ក្នុងសប្ដាហ៍នេះដូចគ្នា មន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់សេវាលិខិតឆ្លងដែនមានចំនួន ៦.៨៥៥ច្បាប់ លិខិតធ្វើដំណើរមាន២.៣៧០ ច្បាប់ សៀវភៅស្នាក់នៅមាន២.១៨៤ ក្បាល និងសៀវភៅគ្រួសារមាន២.៣០៨ក្បាលផងដែរ៕






