ខេត្ដព្រៃវែង ៖ រថយន្តម៉ាកលុចសុីស300មួយគ្រឿង បានបើកបុកជាមួយម៉ូតូរុឺម៉កដឹកអេតចាយមួយគ្រឿងទៀត បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានធ្វើឲ្យមនុស្ស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី31 ខែកក្កដា ឆ្នាំ2018 វេលាម៉ោង7និង5នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ92-93 ស្ថិតក្នុងភូមិជ្រលង, ឃុំប្រាសាទ, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ដែលដកស្រង់តាមប្រភពព៌តមានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកលុចស៑ីស 300ពណ៍ស ពាក់ស្លាកលេខ “ភ្នំពេញ”2N.0367 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាមានឈ្មោះ អេន ជា ភេទប្រុស អាយុ27ឆ្នាំ មានទីលំនៅភូមិសំប៊ួរ, ឃុំអង្គរស, ស្រុកមេសាង, ខេត្តព្រៃវែង បានបើកបរល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៍បានជ្រុលចង្កូតទៅបុករឺុម៉កម៉ូតូអេតចាយគ្មានស្លាកលេខ ដែលបើកបត់ទទឹងផ្លូវ ពីខាងស្តាំដៃ ទៅខាងឆ្វេងដៃ ដោយខ្វះការប្រុងប្រយ័ត្ន (ទិសដៅបញ្ច្រសទិសគ្នា) ពេញទំហឹង បណ្តាលឲ្យរុឺម៉កម៉ូតូខ្ទាត់អូសទៅនឹងថ្នល់ជាតិ បង្កជាអណ្តាតភ្លើងឆាបឆេះ។ ឯអ្នកបើកបររុឺម៉កម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ មុំ ហ៊ន់ ភេទប្រុស អាយុ67ឆ្នាំ មានទីលំនៅភូមិព្រៃកន្ទ្រង់, ឃុំស្តៅកោង, ស្រុកបាភ្នំ, ខេត្តព្រៃវែង និងប្រពន្ធឈ្មោះ អៀង សុបុន អាយុ65ឆ្នាំ រួមដំណើរជាមួយ ខ្ទាត់ចេញពីរុឺម៉កម៉ូតូ រងរបួសធ្ងន់ទាំងពីរនាក់ប្តីប្រពន្ធ។
ក្រោយកើតហេតុបុរសស្រី្ដ ទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវគេដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងរុឺម៉កម៉ូតូដែលភ្លើងឆាបឆេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយនគរបាលប៉ុស្តិ៍មូលដ្ធាន យករថយន្តបាញ់ពន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រួចធ្វើការវាស់វែង យកទាំងរថយន្ត និងរុឺម៉កម៉ូតូ រួមជាមួយតៃកុងរថយន្ត ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញឯកសារតាមនិតិវិធីច្បាប់៕