ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមស្ម័គ្រចិត្តបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាម។ ឯកឧត្តមអះអាងថា បច្ចុប្បន្នក្នុង១ថ្ងៃ កម្ពុជា មានតម្រូវការឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺ និងជនរងគ្រោះ ប្រមាណ ៤០០ ប្លោក។
.ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានអះអាងថា បច្ចុប្បន្ន ក្នុង ១ ថ្ងៃ កម្ពុជា មានតម្រូវការឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺ និងជនរងគ្រោះ ប្រមាណ ៤០០ ប្លោក ដែលទាមទារឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធ និងសប្បុរស ជនឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ថ្លែងក្នុងទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធាន បទ«ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម» នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៣ កន្លងទៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមចំនួន ១៤៣.២៤៣ប្លោកកើនឡើង ២៥% ច្រើនជាងឆ្នាំ ២០២២។ ដូចនេះ ក្នុង០១ ថ្ងៃត្រូវការឈាមប្រមាណ ៤០០ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញ ត្រូវការប្រមាណ ៦៥% ស្មើនឹង ២៦០ ប្លោក និងតាមបណ្ដាខេត្តត្រូវការ ១៤០ ប្លោក។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវរៀបចំបែងចែកក្រុមការងារផ្តល់ឈាម ដើម្បីចុះទៅប្រមូលឈាមតាមគោលដៅនីមួយៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តនៅតាមសាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងវិស័យឯកជននានា សំដៅធ្វើយ៉ាងណាប្រមូលឈាមឱ្យបានច្រើន ដើម្បីជួយដល់ជនរងគ្រោះកំពុងត្រូវការឈាមជាចាំបាច់ ពិសេសឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យដោយទទួលបានការផ្តល់ឈាមដោយស្ម័គ្រចិត្តច្រើនដូចបណ្ដាប្រទេសជិតខាង។ ការផ្តល់ឈាមនេះ ជួយដល់ក្រុមគ្រួសារ និងអ្នកជុំវិញនិងសង្គម ព្រមទាំងជួយខ្លួនយើងផ្ទាល់ដែរ។ អ្នកដែលចូលរួមផ្តល់ឈាម គឺជាការលះបង់មួយដ៏ធំ និងជាវីរបុរស ហើយការផ្តល់ឈាម ជាសកម្មភាពសាមគ្គី ជាការស្រលាញ់ និងជាការផ្តល់ជីវិត ព្រោះថាប្រសិនបើមិនមានឈាមទេ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត»៕
អួង សុភារុន






