សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកម៉ោងនៅរដ្ឋធានីណៃពិដោរ ត្រូវនឹងម៉ោង៩និង៥៥នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧មករានេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល ២ថ្ងៃ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។
នៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោរ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។
នៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោរនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលអំណោ យមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋបាលរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ អំណោយមនុស្សធម៌ទាំង៩មុខនោះរួមមាន
១-ម៉ាស ចំនួន ៣លាន
២-ម៉ាស N95 ចំនួន ២០០ពាន់
៣-វ៉ែនតាការពារ ចំនួន ១០០ពាន់
៤-សម្លៀកបំពាក់សុវត្តិភាព ចំនួន ៣០ ពាន់
៥-របាំងការពារមុខ ចំនួន ៣០ពាន់
៦-ស្បែកជើង កវែង ចំនួន ៣ពាន់
៧-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ៥០គ្រឿង
៨-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៥០គ្រឿង និង
៩-ម៉ាស៊ីនផលិតអ៊ុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០ គ្រឿង។
ពិធីប្រគល-ទទួលអំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជា ណាចក្រកម្ពុជា ជូនចំពោះរដ្ឋបាលរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ត្រូវបានប្រារព្វធ្វើឡើងរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ារ។
គូរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ចំនួន ២លើករួចមកហើយ ក្នុងលើកទី១ ត្រូវបានផ្តល់ជូន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើសម្ភារៈបរិក្ខារវេជ្ជសាស្រ្តចំនួន ១២មុខ ក្នុងនោះរួមាន
១-ម៉ាស ចំនួន២លាន
២-ម៉ាសក្រណាត់ ចំនួន១០០ពាន់
៣-ម៉ាស់ N95 ចំនួន ២០ពាន់
៤-វ៉េនតាការពារ ចំនួន ២០ពាន់
៥-សម្លៀកបំពាក់ការពារមួយឈុត ចំនួន ២០ពាន់
៦-ឧបករណ៍វ៉ាសកំដៅ ចំនួន ៥០០គញរឿង
៧-របាំងការពារមុខ ចំនួន២០ពាន់
៨-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន២០គ្រឿង
៩-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០គ្រឿង
១០-ម៉្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុងចំនួន ៥០០ធុង
១១-ស្បែកជើង កវែង ចំនួន ១ពាន់ និង
១២-ទឹកសាប៊ូលាងដៃ ចំនួន ២ពាន់ និងលើកទី២ ត្រូវបានផ្តល់ជូនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមានថវិកា ២០ម៉ឺនដុល្លាអាមេរិក និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនទៀត រួមមាន ម៉ាសចំនួន ៣ លាន ឧបករណ៍តេស្តរហ័សចំនួន ៥០០ពាន់ សម្លៀក បំពាក់សុវត្តិភាព PPE ចំនួន ២ពាន់ ឈុតម៉ាស៊ីនផលិតអ៊ុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០គ្រឿង ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លាអាមេរិក ជូនដល់កាកបាទក្រហម មីយ៉ាន់ម៉ារផងដែរ។
សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក សំរាប់ដំណើរបំពេញទស្សនកិច្ចការងារនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងធ្វើជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ នាវេលារសៀលថ្ងៃទី៧មករា នៅទីស្តីការក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងរដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ៕






